កាលបរិច្ឆេទ: ០៨ មេសា ២០២២ / ម្ហូបអាហារ
«វិស័យកសិ-ឧស្សាហកម្ម ការផ្តោតទៅលើគុណភាព ការនាំចេញ និងទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការ» គឺជាប្រធានបទនៃវេទិកាតុមូលដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៨ មីនា ក្នុងក្របខ័ណ្ឌបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្រ្វង់កូហ្វូនីនៅកម្ពុជា ដែលមានការចូលរួមពីសំណាក់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល។
នៅក្នុងវេទិកាតុមូលក៏មានវត្តមានឯកឧត្តមបួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកហ្សង់ហ្វ្រង់ស័រ យ៉ានដា (Jean-François Yanda) អគ្គនាយកពាណិជ្ជកម្មប្រទេសហ្គាបុង អ្នកស្រី នូ ម៉ាណែត នាយកផ្នែកលក់ និងផ្នែកទីផ្សារនៃក្រុមហ៊ុន Golden Rice និងលោក តាន់ មីសែល អគ្គនាយកក្រុមហ៊ុនមិសុតា។
នៅចំពោះមុខអ្នកចូលរួមដែលភាគច្រើនជាជនជាតិអាហ្រ្វិក លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានគូសបញ្ជាក់ជាបឋមថា ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលបានឈរជើងនៅអាហ្រ្វិកតាំងពីយូរណាស់មកហើយ ព្រោះថាសហគ្រាសផលិតឱសថប៉េប៉េអឹមបាននាំចេញផលិតផលឱសថរបស់ខ្លួនជិតពាក់កណ្តាលទៅកាន់ទីផ្សារជាច្រើននៅទ្វីបអាហ្រ្វិក។ «លើកទីមួយដែលខ្ញុំទៅអាហ្រ្វិក ក្មេងៗរត់តាមខ្ញុំ ហើយស្រែកថា ‘Bruce Lee !’ (លី ស៊ាវឡុង)»។ លោកឧកញ៉ាឱសថបណ្ឌិតមានប្រសាសន៍រម្លឹកយ៉ាងដូច្នេះធ្វើឲ្យមានការផ្ទុះសំណើចនៅក្នុងសាលប្រជុំ។
ទាក់ទិននឹងក្រុមហ៊ុនខនហ្វីរេល និងចក្ខុវិស័យរស់ក្រុមហ៊ុនទៅលើវិស័យកសិ-ឧស្សាហកម្ម លោកឧកញ៉ាឱសថបណ្ឌិតបានកត់សម្គាល់ថា ក្រុមហ៊ុនផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ផលិតផលចំណីអាហារដែលមានអត្ថប្រយោជន៍ខ្ពស់សម្រាប់សុខភាពរបស់អ្នកប្រើប្រាស់។ លោកមានប្រសាសន៍យ៉ាងដូច្នេះ៖ «ជាច្រើនសតវត្សរ៍មកហើយ វិស័យឱសថបុរាណខ្មែរបានទាញអត្ថប្រយោជន៍ពីភាពសម្បូរបែបនៃរុក្ខជាតិឱសថនៅកម្ពុជា។ គឺជាបេតិកភណ្ឌដែលយើងទាំងអស់គ្នាមិនត្រឹមតែត្រូវអភិរក្សប៉ុណ្ណោះទេ តែយើងត្រូវប្រើប្រាស់វាឲ្យទៅជាប្រយោជន៍ឲ្យសមស្របនឹងទស្សនាទានមួយដែលពោលថា សុំឲ្យអាហាររបស់អ្នកក្លាយជាឱសថសម្រាប់ព្យាបាលអ្នក»។ មានវត្តមាននៅលើទីផ្សារអាហ្រ្វិក និងទទួលបានជោគជ័យពីមួយថ្ងៃទៅមួយថ្ងៃ ផលិតផលខេមប្រូប៊ីយ៉ូទិកគឺជាទឡ្ហីករណ៍ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគោលនយោបាយរបស់ក្រុមហ៊ុន មិនខុសអ្វីពីផលិតផលតែកញ្ចុំផ្កាម្រេចគីរម្យនោះឡើយ។ នៅក្នុងកិច្ចប្រជុំតុមូល លោកឧកញ៉ាឱសថបណ្ឌិតក៏បានស្នើសុំឲ្យបណ្តាប្រទេសអាហ្រ្វិកទាំងនោះជួយសម្របសម្រួលធ្វើយ៉ាងណាឲ្យមានការចុះសម្រុងគ្នាលើពន្ធនាំចូលផងដែរ ហើយពេលចេញពីវេទិកាតុមូល អ្នកចូលរួមបានសុំដោះដូរនាមប័ណ្ណជាមួយលោក ដែលនេះជាសក្ខីភាពបញ្ជាក់ថាពួកគេចាប់អារម្មណ៍លើអ្វីដែលលោកបានលើកឡើង។
ស្ថិតក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចស្តីពីបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្រ្វង់កូហ្រូនីនេះដែរ កាលពីថ្ងៃទី៣០ មីនា ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលបានទទួលស្វាគមន៍ដំណើរទស្សកិច្ចរបស់លោកហ្សង់ហ្រ្វង់ស័រ យ៉ានដា អគ្គនាយកពាណិជ្ជកម្មប្រទេសហ្គាបុង និងសហការីរបស់លោកចំនួនបីរូប។ ស្ថិតក្នុងលំដាប់ទីប្រាំនៃប្រទេសផលិតប្រេងកាតនៅទ្វីបអាហ្រ្វិក ប្រទេសហ្គាបុងទាញអត្ថប្រយោជន៍ផងដែរពីអាជីវកម្មព្រៃឈើ និងលោហៈម៉ង់ហ្គាណែហ្ស និងទទួលបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះ ដោយសារផលិតផលប្រេងកាត និងលោហៈម៉ង់ហ្គាណែហ្ស។ ប្រឈមមុខនឹងការធ្លាក់ចុះនៃធនធានប្រេងកាត ប្រទេសហ្គាបុងងាកទៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងផលិតកម្មរបស់ខ្លួន ជាពិសេសនៅក្នុងវិស័យកែច្នៃវត្ថុធាតុដើមកសិកម្ម
ខណៈពេលដែលផលិតផលចំណីអាហារភាគច្រើនត្រូវបាននាំចូលពីក្រៅ។
លោកហ្សង់ហ្រ្វង់ស័រ យ៉ានដា និងសហការីរបស់លោកបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការផលិតក៏ដូចជាចំណេះធ្វើរបស់ក្រុមហ៊ុនសហគ្រាស ទាំងផ្នែកឱសថក៏ដូចជាផ្នែកចំណីអាហារ។ លោកមានប្រសាសន៍សង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ប្រទេសហ្គាបុងបើកទ្វារទទួលយកគ្រប់កិច្ចសហប្រតិបត្តិការ មិនថាជាការវិនិយោគដោយផ្ទាល់ ឬការបណ្តាក់ទុនរួមគ្នា ឬក៏ការផ្ទេរបច្ចេកវិទ្យាអ្វីនោះទេ»។ «ហើយសូមកំភ្លេចថា ប្រទេសហ្គាបុងជាប្រទេសតូចមួយដែលមានប្រជានជនត្រឹមជាងពីរលាននាក់ក៏ពិតមែន តែប្រទេសនេះជាច្រកទ្វារចំហឆ្ពោះទៅកាន់ទីផ្សារអាហ្រ្វិកកណ្តាលដែលមានអ្នកប្រើប្រាស់រាប់រយលាននាក់ឯណោះ»។ លោកមានប្រសាសន៍បន្តបែបនេះ មុននឹងទទូចហើយទទូចទៀតសុំឲ្យលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ចូលរួមក្នុងវេទិកាស្តីពីបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្រ្វង់កូហ្វូនីលើកក្រោយ ដែលនឹងត្រូវរៀបចំឡើងនៅខែកក្កដា ឆ្នាំ២០២២ នៅទីក្រុង Libreville ដែលជារដ្ឋធានីនៃប្រទេសហ្គាបុង ដើម្បីឲ្យលោកឧកញ៉ាអាចបង្ហាញពីទស្សនាទានរបស់លោកដែលលោកបានប្រើនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដឹកនាំដោយលោកស្រី Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី(OIF) វេទិកាស្តីពីបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្រ្វង់កូហ្វូនីនៅប្រទេសកម្ពុជាបានប្រព្រឹត្តិទៅរយៈពេលបីថ្ងៃ និងមានការចូលរួមពីគណៈប្រតិភូប្រមាណជាង៧០រូបមកពីបណ្តាប្រទេសហ្រ្វង់កូហ្វូនីដែលបានធ្វើដំណើរមកកម្ពុជាដើម្បីរឹតចំណងទាក់ទងគ្នានៅក្នុងកិច្ចការជំនួញផ្នែកកសិ-ចំណីអាហារ ផ្នែកថាមពលកកើតឡើងវិញ និងផ្នែកទំនិញ និងសេវាកម្មឌីជីថល៕